Overblog
Edit post Follow this blog Administration + Create my blog

2014-11-17T06:17:43+01:00

របបមាតាធិបតេយ្យ

Posted by soksokonika & sath rineth

តាមសៀវភៅប្រវត្តិវិទ្យាអំពីប្រទេសខ្មែរ លោក ដូហ្វាំង ម៉ីនីញេ បានស្រាវជ្រាវរកឃើញថា ប្រទេសខ្មែរសម័យហ្វូណនមុនឆ្នាំ៥០នៃគ្រិស្តសករាជ ក្នុងរាជព្រះនាងសោមា (បុត្រីព្រះចន្ទ) គឺមុនការចូលមករបស់ឥណ្ឌា, ខ្មែរមានរបបគ្រប់គ្រងតាមបែបមាតាធិបតេយ្យ (យកស្រីជាធំ) ។ របបមាតាធិបតេយ្យ ជារបបមួយដែលយកស្រីជាធំ ក្នុងកិច្ចការដោះស្រាយបញ្ហាទូទៅ ។ របបនេះបានទុកស្រីជា ធំក្នុងគ្រួសារ និងសង្គម និងការរាប់ញាតិតាមសែស្រឡាយខាងម្តាយ ។

នៅក្នុងវិស័យគ្រួសារ ស្រីជាម្តាយមានអំណាចជាងឪពុក ។ ឪពុកព្រម, ម្តាយមិនព្រម = មិនព្រម ។ ឪពុកមិនព្រម, ម្តាយព្រម = ព្រម ។ អ្នកប្រវត្តិសាស្ត្រចិនបានកត់ត្រាទុកថា អ្នកដឹកនាំសង្គមខ្មែរក្នុងសម័យដើមជាស្ត្រីភេទ ។ ឯកសារសិលាចារឹកបានឱ្យព័ត៌មានថា នៅសម័យអង្គរ ស្ត្រីមានអំណាចទុកដាក់ចែកចាយទ្រព្យសម្បត្តិគ្រួសារតាមចំណង់ចិត្ត របស់ខ្លួនដោយមិនបាច់សុំយោបល់ពីប្តីទេ ចំណែកប្តីវិញ បើចង់ធ្វើអំណោយត្រូវទទួលការយល់ព្រមពីប្រពន្ធជាមុន ។ ម្យ៉ាងទៀតការចែកកេរមរតកតែងធ្វើតាមសែស្រឡាយខាងស្រីជាដរាប ។ របបចែកកេរមរតក ដោយចាប់យកសែស្រឡាយខាងម្តាយជាធំត្រូវគេយកមកអនុវត្តន៍នៅក្នុង ការផ្ទេររាជសម្បត្តិផងដែរ ។

គួរកត់សម្គាល់ផងដែរថា រឿងព្រេងខ្មែរជាច្រើនបាននិទានពីការប្រកួតប្រជែងរវាងស្រី និងប្រុស ក្នុងវិស័យផ្សេងៗ មានការជីកស្រះ ពូនភ្នំ សង់ប្រាសាទ ជាដើម ។ ទោះជាយ៉ាងនេះក្តី សព្វថៃ្ងនេះសង្គមខ្មែរបានវិវត្តន៍មកដល់ដំណាក់កាលមួយ ដែលភេទស្រីត្រូវបាត់បង់ឧត្តមភាពរបស់ខ្លួនទៅលើភេទប្រុសទៅហើយ ។ ក៏ប៉ុន្តែ, ក៏នៅរក្សាដានរបស់ទស្សនៈទុកស្រីជាធំនៅឡើយ ដូចជារបស់ ឬ មនុស្សដែលមានភាព ឬមាននាទីជាធំចម្បងលើគេ ខ្មែរយើងនៅតែហៅថាមេ ដូចជាមេដៃ មេជើង មេដំបូល មេទ័ព មេឃុំ មេគយ មេការ ៘ នៅក្នុងការដណ្តឹងគូស្រករត្រូវប្រុសចូលទៅនិយាយសុំសេចក្តីយល់ព្រម ពីខាងស្រី លុះដល់ពេលរៀបការ ក៏ខ្មែរយើងនិយមទៅធ្វើនៅផ្ទះខាងស្រីទៀត ហើយភស្តុតាងជាក់ស្តែងជាងនេះទៅទៀត គឺនៅក្នុងវិស័យអប់រំគេច្រើនតែពោលថា “សូវស្លាប់បាកុំស្លាប់មេ សូវលិចទូកកណ្តាលទន្លេ កុំឱ្យភ្លើងឆេះផ្ទះ” ។

នៅសម័យឥណ្ឌាចូលស្រុកប្រហែលឆ្នាំ៥០នៃគ្រិស្តសករាជ ជនជាតិឥណ្ឌាបានដឹកនាំខ្មែរសម័យហ្វូណនឱ្យចេះស្លៀកពាក់ ដែលគេចាត់ទុកជាបដិវត្តន៍សម្លៀកបំពាក់មួយ ប៉ុន្តែជនជាតិឥណ្ឌាពុំអាចផ្លាស់ប្តូររបបមាតាធិបតេយ្យរបស់ខ្មែរ បានទេ ។ ព្រះនាងសោមា ឬលីវយី ឬនាងនាគ ព្រមរៀបអភិសេកជាមួយកៅណ្ឌិន្យ លុះត្រាតែកៅណ្ឌិន្យគោរពរបបមាតា ធិបតេយ្យរបស់ខ្មែរ ។ ការគោរពរបបនេះ ត្រូវរៀបចំឡើងជាពិធីមួយយ៉ាងអ៊ឹកអធិក តម្រូវឱ្យកៅណ្ឌិន្យតោងស្បៃដើរតាមក្រោយនាងសោមា ហើយហាមមិនឱ្យងាកឆ្វេងស្តាំឡើយ ដើម្បីជានិមិត្ត និងជារូបនីយកម្មនៃរបបមាតាធិបតេយ្យ ដែលខ្មែរទម្លាប់ពោលថា “ព្រះថោងតោងស្បៃនាងនាគ” ពិធីនេះមានឆ្លាក់នៅជញ្ជាំងប្រាសាទបាយ័ន ។ ដើម្បីរំលឹកនូវរបបមាតាធិបតេយ្យ ក្រោយមកព្រះញាតិវង្សស្តេចតែងតែអនុវត្តតាមរបបនេះនៅពេលរៀប អាពាហ៍ពិពាហ៍ ហើយរបបនេះក្លាយទៅជាប្រពៃណីខ្មែរជាប់រហូតមក ។

ទោះជាយ៉ាងណាក៏ដោយ ជនជាតិឥណ្ឌា និងជនជាតិចិនដែលធ្លាប់តែជះឥទ្ធិពលមកលើខ្មែរនោះ គេមិននិយមទុកស្រីជាធំដូចខ្មែរទេ ផ្ទុយទៅវិញគេទុកប្រុសជាធាតុមានតម្លៃជាងស្រី ។ ចំពោះជនជាតិឥណ្ឌាគេដឹងថា តាំងពីព្រេងនាយមក ស្រីមេម៉ាយពុំមានសិទ្ធិយកប្តីទៀតឡើយ កាលណាប្តីស្លាប់ទៅស្រីឥណ្ឌាត្រូវនៅបម្រើគ្រួសារប្តីតទៅទៀត ឬ មួយលោតទៅក្នុងភ្លើងស្លាប់ទៅតាមប្តី ដើម្បីចៀសឱ្យផុតពីភាពវេទនាក្នុងការរស់នៅ ។

ចំណែកក្នុងសង្គមចិនវិញ គេឃើញមានការគោរពដូនតា ។ ក្នុងគ្រួសារនីមួយៗ គឺប្តីជាអ្នកមានមុខងារសំខាន់ក្នុងការទទួលខុសត្រូវ ធ្វើយ៉ាងណាឱ្យការគោរពបូជានេះ អាចប្រព្រឹត្តទៅដោយគ្មានឧបសគ្គ បើឪពុកស្លាប់ទៅគឺកូនប្រុសច្បងនេះហើយដែលត្រូវទទួលតំណែងសំខាន់ ខាងលើជំនួសឪពុក ឯកូនស្រីគ្មាននាទីអ្វីបន្តិចបន្តួចសោះឡើយក្នុងបន្ទុកនោះ ។ ហេតុនេះហើយបានជាជនជាតិចិនមិនឱ្យតម្លៃទៅលើកូនស្រីទេ តែកាលណារៀបការហើយគេតែងតែបញ្ជូនឱ្យទៅនៅគ្រួសារខាងប្រុស ។ បើកាលណាប្តីស្លាប់ ត្រូវនៅបម្រើគ្រួសារខាងប្តីតទៅទៀត ។ តាមទំនៀមទម្លាប់ចិន កូនស្រីបើមិនទាន់មានប្តី ត្រូវស្តាប់បង្គាប់ឪពុកម្តាយ បើមានប្តីត្រូវស្តាប់បង្គាប់ប្តី ហើយបើផុតពីប្តីទៅត្រូវស្តាប់បង្គាប់កូនប្រុសច្បង ។

គួរកត់សម្គាល់ទៀតថា ជនជាតិចិននិយមឱ្យតម្លៃទៅញាតិខាងឪពុក ឧទាហរណ៍ដូចជាជីដូនជីតាខាងម្តាយគេ ហៅថាជីដូនជីតាក្រៅ គឺក្រៅរង្វង់គ្រួសារ។ ក្នុងសម័យបារាំងចូលស្រុក លក្ខខណ្ឌទាំងឡាយដែលតម្រូវឱ្យខាងប្រុសគោរពខាងស្រីបានបំភ្លេចចោល ខ្លះ ប៉ុន្តែស្រីខ្មែរភាគច្រើននៅតែត្រួតត្រាប្តីដរាប ៕

ដកស្រង់ពីសៀវភៅប្រវត្តិសាស្ត្រខ្មែរ ដែលនិពន្ធដោយ៖ សុរនាគ (ថ្ងៃទី 22 វិច្ឆិកា 2009)

សំលៀកបំពាក់ប្រពៃណីខ្មែរ

សំលៀកបំពាក់ប្រពៃណីខ្មែរ

See comments

To be informed of the latest articles, subscribe:
comments
S
Wow... this information....thousand years to find this..^^
Reply

Girl Gift Template by Ipietoon - Hosted by Overblog